គោលការណ៍គ្រឹះ និងគោលគំនិតសុខភាពតែមួយក្នុងបរិបទប្រទេសកម្ពុជា

Current Status
Not Enrolled
Get Started

ព័ត៌មានវគ្គសិក្សា

 

ទិដ្ឋភាពទូទៅនៃវគ្គសិក្សា៖ វគ្គសិក្សាតាមបណ្តាញអនឡាញមួយនេះ មានចំណងជើងថា “គោលការណ៍គ្រឹះ និងគោលគំនិតសុខភាពតែមួយក្នុងបរិបទកម្ពុជា” ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់នូវចំណេះដឹងយ៉ាងស៊ីជម្រៅទៅលើ គោលការណ៍ចម្បងៗ និងគោលគំនិតសុខភាពមួយ ដោយផ្តោតសំខាន់លើការងារអនុវត្តន៍ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជារបស់យើង។ វគ្កសិក្សានេះត្រូវបានបង្កើតឡើងដើម្បីកំណត់បញ្ហាប្រឈមនៃការអនុវត្តការងារសុខភាពតែមួយ (One Health) នៅកម្ពុជា និងលើកកម្ពស់កិច្ចសហការរវាងអ្នកជំនាញក្នុងវិស័យផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏សាំញាំស្តីពីសុខភាព។

គោលបំណងនៃវគ្គសិក្សារួមមានការណែនាំដល់អ្នកចូលរួមសិក្សា អំពីគោលគំនិតនៃសុខភាពតែមួយ ការស្វែងយល់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសុខភាពមនុស្ស សត្វ និងបរិស្ថាន ការវិភាគស្ថានភាពសុខភាពបច្ចុប្បន្ននៅកម្ពុជា និងការអភិវឌ្ឍជំនាញកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នា ឆ្លងជំនាញ និងស្ថាប័នជាដើម។ វាគ្របដណ្តប់លើប្រធានបទមួយចំនួនដូចជាជំងឺឆ្លងពីសត្វមកមនុស្ស (ស៊ូណូស) កត្តាបរិស្ថានដែលជះឥទ្ធិពលដល់សុខភាព តួនាទីរបស់អ្នកពាក់ព័ន្ធ ករណីសិក្សាជាក់ស្តែង និងវិសមភាពយេនឌ័រក្នុងសេវាថែទាំសុខភាពផងដែរ។

វិធីសាស្ត្រក្នុងការសិក្សារួមមាន ការបង្រៀនតាមរយៈ ការធ្វើតេស្តសាកល្បងចំណេះដឹងមុន និងក្រោយសិក្សាមេរៀន ឃ្លីបវីដេអូ ការវិភាគករណីសិក្សា ក៏ដូចជាការសិក្សាស្វែងយល់ដោយខ្លួនឯងតាមរយៈឯកសារបទបង្ហាញ ដើម្បីពង្រឹងគោលគំនិតចេញពីមេរៀនមួយនេះ។ សិក្ខាកាមដែលអាចចូលរួមរៀន នៅក្នុងវគ្គអនឡាញនេះ គឺមានដូចជានិស្សិតដែលកំពុងរៀនជំនាញពាក់ព័ន្ធនឹងសុខភាព និងអ្នកជំនាញពាក់ព័ន្ធនឹងសុខភាព បសុពេទ្យ ព្រមទាំងអ្នកជំនាញ វិទ្យាសាស្ត្របរិស្ថាន សុខភាពសាធារណៈ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត។

 

វគ្គសិក្សានេះមានសរុបចំនួន ៥ មេរៀន៖

មេរៀន ១ ៖ សេចក្តីណែនាំទូទៅ ស្តីពី “សុខភាពតែមួយ”

មេរៀន ២ ៖ ទំនាក់ទំនងនៃសុខភាពមនុស្ស សត្វ និងបរិស្ថាន

មេរៀន ៣ ៖ ស្ថានភាព “សុខភាពតែមួយ” នៅកម្ពុជា

មេរៀន ៤ ៖ ករណីសិក្សាស្តីពី “ការងារ ឬការអនុវត្តជោគជ័យ”

មេរៀន ៥ ៖ យេនឌ័រក្នុងវិស័យសុខភាពតែមួយ។

គោលបំណងក្នុងការសិក្សាវគ្គនេះ

 

ក្រោយបញ្ចប់វគ្គសិក្សានេះ អ្នកចូលរួមសិក្សាទាំងអស់នឹងអាច៖

១. បកស្រាយបាននូវគោលគំនិតនៃសុខភាពតែមួយ មានដូចជានិយមន័យ មូលដ្ឋានគ្រឹះ និងការវិវត្តជាប្រវត្តិសាស្ត្រនៃសុខភាពតែមួយ។

២. ពន្យល់បាននូវទំនាក់ទំនងគ្នាទៅវិញទៅមកនៃសុខភាពមនុស្ស សត្វ និងបរិស្ថាន តាមរយៈការស្វែងយល់អំពីជំងឺឆ្លងរវាងសត្វនិងមនុស្ស កត្តាបរិស្ថានដែលជះឥទិ្ធពលលើបញ្ហាសុខភាពរបស់មនុស្ស និងកត្តាកំណត់សុខភាពក្នុងសង្គមផ្អែកលើបរិបទជាក់ស្តែង។

៣.  រៀបរាប់បាននូវទិដ្ឋភាពទូទៅនៃស្ថានភាពសុខភាពបច្ចុប្បន្ននៅកម្ពុជា និងកំណត់បាននូវបញ្ហាសុខភាពដែលអាចប្រឈម ដែលទទួលបានផលជាវិជ្ជមានពីវិធីសាស្ត្រសុខភាពតែមួយ។

៤. រៀបរាប់បាននូវតួនាទី និងទំនួលខុសត្រូវនៃអ្នកពាក់ព័ន្ធផ្សេងៗ រួមមានភ្នាក់ងាររាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអន្តរជាតិ និងសហគមន៍នានា ក្នុងបរិបទសុខភាពតែមួយ។

៥. វិភាគករណីសិក្សា និងការងារ ឬការអនុវត្តជោគជ័យផ្សេងលើផ្នែកសុខភាពតែមួយ ដោយទទួលបានបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិ។

៦. អភិវឌ្ឍន៍ជំនាញក្នុងការប្រាស្រ័យទាក់ទង ការសហការណ៍របស់ចេញពីជំនាញផ្សេងៗគ្នា ហើយក៏ជាយុទ្ធសាស្ត្រក្នុងការជំរុញកិច្ចសហការចំណោមអ្នកជំនាញក្នុងការដោះស្រាយបញ្ហាសុខភាពតែមួយ។

៧. ទទួលបានចំណេះដឹង និងជំនាញក្នុងការបង្កើត អនុវត្ត តាមដាន វាយតម្លៃ និងធ្វើឲ្យមាននិរន្តរភាពលើឧបករណ៍ ឬសំភារៈផ្សេងៗក្នុងការធ្វើឲ្យមានស្ថេរភាព និងល្អប្រសើរក្នុងវិស័យសុខភាពតែមួយ។

៨. លើកកម្ពស់ការយល់ដឹងអំពីវិសមភាពយេនឌ័រក្នុងការទទួលបានសេវា និងការធ្វើការងារផ្នែកថែទាំសុខភាព និងតួនាទីយែនឌ័រក្នុងការគ្រប់គ្រងបរិស្ថានក្នុងបរិបទនៃសុខភាពតែមួយ។

 

គ្រូបង្គោល៖

  • លោក គង្គ សុគមន៍ ជាគ្រូឧទ្ទេស និងជាអ្នកស្រាវជ្រាវនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈបសុព្យាបាល​ នៅសាកលវិទ្យាល័យ University of the Philippines Los Baños (UPLB) នៃប្រទេសហ្វីលីពីន និងកំពុងបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែក Science and Innovation for Animal Health នៅសាកលវិទ្យាល័យ Kasetsart នៃប្រទេសថៃ
  • លោក ស ពៅ ជាប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានប្រទេសកម្ពុជា បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក នីតិសាស្រ្ត ឯកទេស រដ្ឋបាលសាធារណៈ​ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃប្រទេសកម្ពុជា
  • លោកស្រីវេជ្ជបណ្ឌិត លី ចិន្តា ជាវេជ្ជបណ្ឌិតនៅគ្លីនិក SkinMedics បញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជំនាញឯកទេសនៅសាកលវិទ្យាល័យ Mae Fah Luang នៃប្រទេសថៃ
  • លោកបសុវេជ្ជបណ្ឌិត ជា ប៊ុនណា ជាជនបង្គោលទទួលបន្ទុកសុខភាពតែមួយនៃបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា និងជា គ្រូឧទ្ទេសនិងជាអ្នកស្រាវជ្រាវនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Agrofood Chain in Food Safety, Agrofood, and Public Health ចេញពី Ecole Nationale de Formation Agronomique (ENFA) ប្រទេសបារាំង និងកំពុងបន្តថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃប្រទេសកម្ពុជា
  • លោកស្រី ឡាយ សុខរក្សា ជាមន្រីទទួលខុសត្រូវផ្នែកគុណភាព សម្រាប់ផ្នែកមីក្រូសាស្ត្រ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ចប់ការសិក្សាជំនាញឱសថការីឯកទេសផ្នែកជីវវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រទេសកម្ពុជា
  • លោកបណ្ឌិត វ៉ិន វុត្តី មន្ត្រីជំនាញសុខភាពសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុខភាពសាធារណៈបសុព្យាបាល ពីសាកលវិទ្យាល័យ University of the Philippines Los Baños (UPLB) នៃប្រទេសហ្វីលីពីន និងថ្នាក់បណ្ឌិតជំនាញម៉ូលេគុលជីវសាស្ត្រ នៅសាកលវិទ្យាល័យ University of Rome Tor Vergatta នៃប្រទេសអ៊ីតាលី
  • លោកបណ្ឌិត ជា រតនា អនុប្រធានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកមីក្រូជីវសាស្ត្រ Animal Health and Biological Science នៅសាកលវិទ្យាល័យ Kasetsart នៃប្រទេសថៃ និងថ្នាក់បណ្ឌិតផ្នែក ជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Swedish University of Agricultural Sciences នៃប្រទេសស៊ុយអែត
  • កញ្ញា ម៉ង់ សូនីតា ប្រធានក្លិបនិស្សិតសុខភាពតែមួយប្រចាំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជានិស្សិតកំពុងបន្តការសិក្សាផ្នែក បសុវេជ្ជបណ្ឌិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។

 

វិធីសាស្ត្រក្នុងការបង្រៀន៖ វិធីសាស្ត្រក្នុងការបង្រៀនគឺរួមមាន ការបង្រៀនតាមរយៈវីដេអូ វិភាគពីករណីសិក្សា ការសិក្សាដោយខ្លួនឯងលើបទបង្ហាញភ្ជាប់ជូន ក៏ដូចជាការសាកល្បងចំណេះដឹងមុន និងក្រោយសិក្សាមេរៀននេះដើម្បីពង្រឹងគោលគំនិតនៃមេរៀន។

រយៈពេលនៃវគ្គសិក្សា៖ ប្រហែល ៤ ម៉ោង។

លិខិតបញ្ជាក់ការសិក្សា៖ ចំពោះលិខិតបញ្ជាក់ការសិក្សា គឺនឹងត្រូវបានផ្តល់ជូនចំពោះសិក្ខាកាម ឬអ្នកចូលរួមសិក្សា ដែលទទួលបានពិន្ទុយ៉ាងហោចណាស់ ៨០ភាគរយ នៃពិន្ទុសរុបក្នុងការបំពេញលើការសិក្សា ក៏ដូចជាបំពេញនូវសំនួរទាំងអស់ដែលមានឱ្យបានត្រឹមត្រូវ។ សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ អាចទាញយកលិខិតបញ្ជាក់បាន តាមរយះប្រព័ន្ធឌីជីថល Open Badge ។

 

តម្រូវការវិញ្ញាបនបត្រ

  • ទទួលបានលទ្ធផលពិន្ទុប្រឡងក្រោយបញ្ចប់ការសិក្សា យ៉ាងហោចណាស់ ៨០% នៃចំនួនពិន្ទុអតិបរមាពីកិច្ចការដែលបានកំណត់។
  • ទទួលបាន Open Badge ក្រោយបញ្ចប់វគ្គសិក្សា។
CAMBOHUN, ONE HEALTH PRINCIPLES AND CONCEPTS, Animal Health and Welfare, Environment and Wildlife, Zoonotic disease, Khmer, Cambodia

Course Content

Course Attributes

Scroll to Top